រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីរៀបចំផែនការ វិធានការណ៍ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត
ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ វិធានការណ៍ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំអោយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ អំពីកិច្ចការពារសន្តិសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋអោយបានល្អ ទប់ស្កាត់អោយបាននូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសផ្សេងៗ អោយបានដើម្បីអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព។
ឯកឧត្តមបានបន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងបន្ថែមក្នុងកិច្ចការផ្សព្វផ្សាយគោលនយោបាយទាំង៩ចំណុច ភូមិ-ឃុំមានសុវត្តិភាព ជូនប្រជាពលរដ្ឋដល់គ្រប់មូលដ្ឋាន ដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារួមគ្នាដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ជាមួយគ្នានោះដែរ ឯកឧត្តម បានជំរុញដល់ប្រធាន មន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក ទាំងអស់ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជាពិសេសត្រូវចុះមូលដ្ឋានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យបានកើនឡើងទ្វេរដង។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចប្រធានគណៈបញ្ជាការឯកភាព ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ និងត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសនៅក្នុងខេត្ត បន្តពង្រឹងកិច្ចការងារទប់ស្កាត់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនអោយមានប្រសិទ្ធភាព៕