មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្ត ទទួលបានថវិកា៣ម៉ឺនដុល្លារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
ខេត្តសៀមរាប៖សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងបាននាំយកនូវថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យទាំងពីរនេះផងដែរ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យ។
នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា។លោកជំទាវបានបញ្ជាក់ថា ការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទួទលបានពីការជិះកងសប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។
លោកជំទាវ ក៏បានថ្លែងអគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ទាំងពីរខាងលើ ដែលបានលះបង់អស់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺកុមារកម្ពុជា និងប្រជាពលរដ្ឋយើង ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។
លោកជំទាវ បញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នេះ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារ និងប្រជាពលរដ្ឋយើងដោយយកចិត្តទុកដាក់បំផុត ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។ចំពោះមន្ទីរពេទ្យកុមារអង្គរ គឺព្យាបាល ដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារ និងប្រជាជនកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យទាំងពីរនេះ។
ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យទាំងពីរមាន៖
-មន្ទីរពេទ្យកុមារអង្គរ ថវិកាចំនួន២០,០០០(ពីរម៉ឺន)ដុល្លារអាមេរិក។
-មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ថវិកាចំនួន១០,០០០(មួយម៉ឺន)ដុល្លារអាមេរិក៕