ព្រះសង្ឃមួយអង្គ គង់នៅក្នុងវត្តកណ្តាល ក្រុងបាត់ដំបង ដុតធ្វើគុតខ្លួនឯង ដើម្បីបញ្ចប់ជីវិត ដោយមិនដឹងមូលហេតុ
ខេត្តបាត់ដំបង៖មិនដឹងពីមូលហេតុអ្វី ព្រះសង្ឃមួយអង្គ គង់នៅក្នុងវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង បានសម្រេចដុតធ្វើគុតខ្លួនឯង ដើម្បីបញ្ចប់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ព្រះសង្ឃដែលធ្វើគុតខ្លួនឯងព្រះនាម ហ៊ាត ហាក់ ព្រះជន្ម២១ព្រះវស្សា មានភូមិកំណើតភូមិគោកឬស្សី ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានមកបួសរៀននៅខេត្តបាត់ដំបងដោយគង់នៅវត្តប៉ាឆា។ក្រោយមកព្រះអង្គបានមកសុំគង់នៅក្នុងកុដិលេខ២ នៃវត្តកណ្តាល។
យោងតាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គ ដែលបានឃើញហេតុការណ៍បានអោយដឹងថា ព្រះអង្គបានឃើញផ្សែងភ្លើងហុយចេញពីក្នុងកុដិ ពេលនោះព្រះអង្គក៏បាននិមន្តទៅមើលក៏ឃើញព្រះសង្ឃខាងលើគង់សូត្រធម៌ (ពុទ្ធោ ធម្មោ សង្ឃោ)ខណៈដែលភ្លើងឆេះព្រះកាយជុំជិត។
សូមបញ្ជាក់ដែរថា ព្រះសង្ឃដទៃជាច្រើនអង្គបាននិមន្តមកជួយដែរ តែមិនអាចចូលទៅក្នុងកុដិបានព្រះទ្វារកុដិជាប់គន្លិះ ទំរាំទំលុះទ្វារបានព្រះអគ្គីបានបញ្ចប់ព្រះជន្មអង្គនោះបាត់ទៅហើយ។គេនៅមិនដឹងទេថា ការសម្រេចបញ្ចប់ព្រះជន្មក្នុងកុដិរបស់ព្រះសង្ឃ ហ៊ាត ហាក់ ព្រោះតែវិបត្តិអ្វីនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវរឿងនេះ៕