ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ ការដ្ឋានសាងសង់ អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តបានឲ្យដឹងថា ក្នុងគម្រោងសាងសង់អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំការសាងសង់អាគារ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជា។ក្រោយការការសាងសង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ អាចទទួលបានសេវាពិនិត្យវិភាគជំងឺផ្សេងៗនៅទីនេះតែម្តង ដោយមិនចាំបាច់ចំណាយពេលយកទៅវិភាគ នៅរាជធានីភ្នំពេញដូចមុនទៀតឡើយ៕