ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ទៅមុជទឹកទន្លេរ បណ្ដាលឲ្យលង់ស្លាប់ យ៉ាងអាណោចអាធម
ខេត្តកណ្ដាល៖ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ចុះទៅមុជទឹកទន្លេរ ត្រង់ចំណុចកំពង់ទឹកមាត់ទន្លេ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បណ្ដាលឲ្យលង់ទឹងស្លាប់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យ និងបច្ចេកទេសស្រុកល្វាឯមបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ផល បញ្ញារិទ្ធ អាយុ៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបរសិស្ស។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើក្មេងប្រុសរងគ្រោះបានសុំលុយពីម្តាយឈ្មោះ ខូវ សុខន ចំនួន១០០០រៀល ទៅទិញនំហូប បន្ទាប់ពីបានលុយហើយ ក្មេងប្រុសរងគ្រោះក៏ទៅចេញបាត់ ដោយម្តាយក្មេងរងគ្រោះមិនដឹងថា កូនទៅទីណាទេ បន្ទាប់មកមានប្រជាពលរដ្ឋឈ្មោះ លន់ លន បានយកសំរាមទៅចាក់ចោលនៅមាត់ទន្លេក៏ឃើញខោអាវនៅមាត់ច្រាំងហើយឃើញក្មេងៗលេងនៅទីនោះ៣នាក់ និងឃើញក្មេងប្រុសរងគ្រោះរសាត់ចេញពីច្រាំងឆ្ងាយទៅ ហើយរកជួយមិនកើត ក៏លិចបាត់តែម្តង ហើយភ្លាមៗនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយមុជទឹករាវរក តែជាអកុសល ក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។
ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យដោយបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សាកសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕