បុរសម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ
ខេត្តបន្ទាយមានជ័យ៖ជាងធ្វើរថយន្តម្នាក់បានស្លាប់ ខណៈដឹកបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីពេលដែលធ្វើរថយន្ត និងផ្សារដែករួច ដើរទៅដកព្រីភ្លើងក៏ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់។
ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា
ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ នាង ណយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកអធិការបញ្ជាក់ថា ជនរងគ្រោះជាអ្នកស៊ីឈ្នួលធ្វើឡានឲ្យឈ្មោះជៀង តឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី មុនពេលកើតហេតុជនរងគ្រោះបានធ្វើឡាន និងផ្សារដែកឡានរួច ហើយក៏បានដើរទៅដកព្រីភ្លើង ក៏ស្រាប់តែឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆក់ឲ្យរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។
សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕