ប្រជាពលរដ្ឋ ៤០០ គ្រួសារបានទទួលអំណោយ ពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០ ឋិតនៅក្នុងវត្តព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក សង្កាត់ ឃុំ និងកងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អញ្ជេីញចុះពិនិត្យការជួសជុលផ្លូវក្រាលថ្មមិច និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ ប្រគេននិងជូនពរជ័យពីសម្តេចសាយ ឈុំ សម្តេចហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រគេននិងជូនចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងគ្រប់សាសនា ដែលបានចូលរួមក្នុងការស្ថាបនាផ្លូវ ប្រពន្ធលូបង្ហូរទឹក និងលូ រំដោះទឹក ទីលានចាក់សំរាម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាកែប្រែមុខមាត់ប្រកបដោយមោទននៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជានៅទូទាំងខេត្ត
ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដេីរលេីផ្លូវត្រូវប្រទេសមានសុខសន្តិភាព រីកចម្រេីនគ្រប់វិស័យ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្តសម្បូរសប្បាយ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកហេីយមិនធ្វេីការដោះស្រាយនោះឡេីយ ពិសេសដំណាក់កាលកម្ពុជាក៏ដូចជាប្រទេសស្ទេីរតែទាំងអស់លេីលោកជួបបញ្ហាជំងឺកូវីដ-១៩ បានចេញវិធានការប្រកបដោយប្រសិទ្ធិភាព ហ្មត់ចត់ និងដាច់ខាត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបានចែកជាបី សមរភូមិ៖ (ទី១)-ការទប់ស្កាត់មិនឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា (ទី២)-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង(ទី៣)-ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ និងបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ មានប្រមាណ៥៦មឺនគ្រួសារ ដែលរាជរដ្ឋាភិបាលបានចំណាយប្រមាណជាង១០០ ប៊ីលានរៀល ឬប្រមាណ២៥លានដុល្លារក្នុង០១ខែៗសម្រាប់ការផ្តល់នេះ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិភាព ថែរក្សាសុខភាព ចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈីក បញ្ហាគ្រឿងញៀន និងបន្តពង្រឹងពង្រីកមុខរបរកសិកម្មដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វដេីម្បីបង្កេីនចំណូលចិញ្ចឹមគ្រួសារ។
ទឹកចិត្តសប្បុររស ចូលរួមសម្រាលទុក្ខលំបាក ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយចែកជូន: ១.ប្រគេនទេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃចំនួន៧វត្ត ក្នុង១វត្តៗទទួលបាន អង្គរ២០០គីឡូក្រាម ទឹកសុទ្ធ១០កេស ទឹកភេសជ្ជ:១០កេស មី៩កេស ទឹកស៊ីអុីវ-ទឹកត្រី២០យួរ និងបច័្ចយ១លានរៀល។ ២.ផ្តល់ថ្មមិចបន្ថែមសម្រាប់ជួសជុលផ្លូវប្រវែង៥០គីឡូម៉ែត្រដេីម្បីបញ្ចប់គម្រោងជួសជុលផ្លូវដែលមានប្រវែងសរុបជិត១០០គីឡូម៉ែត្រ។
៣.ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៤០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះតូច ទឹកសុីវអុីវ ១យួរ ប៊ីចេង ១កព្ចាប់ ស្ករស ១គីឡូក្រាម ប្រេងឆា ១ដបសាប៊ូ១ គីឡូក្រាម សារុង១ ថវិកា១មុឺនរៀល។ ៤.ផ្តល់ជូនក្រុមការងារជួសជុលផ្លូវ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥មុឺនរៀល។ ៥.ផ្តល់ជូននគរបាលការពារ កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ ប្រជាការពារ ក្រុមយុវជន ក្នុង ១ ក្រុម/អង្គភាពទទួលបាន៥០០.០០០រៀល ៕