លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ មន្ត្រីស្នងការនគរបាលចូលនិវត្តន៍
ខេត្តបន្ទាយមានជ័យ៖ដើម្បីជាការផ្សារភ្ជាប់រវាងអតីតថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាលជំនាន់មុន និង ថ្នាក់ដឹកនាំមន្ត្រីនគរបាលជំនាន់ក្រោយឲ្យកាន់តែមានភាពស្អិតរមួត ក៏ដូចជាការរំលឹកដឹងគុណ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់អតីតស្នងការរង ដែលបានចូលនិវត្តន៍មានលោក ឈឿង សុខុម និងលោក ពៅ ស៊ីដន ដល់គេហដ្ឋានផ្ទាល់។
មានមតិសំណេះសំណាននាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានថ្លែងថា ដោយក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ លោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត មានការជាប់រវល់ក្នុងភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឧ មិនបានចុះសួរសុខទុក្ខដល់លោកពូ ក៏ដូចបងៗ។ក្រោយពីចប់ពិធីបុណ្យនេះ លោករួមទាំងសហការី បានចុះមកសំណេះសំណាលសួរ សុខទក្ខដោយក្តីនឹករលឹក ឲ្យកាន់តែមាន ភាពស្និតស្នាល(ពោលគឺទំពាំងមិនភ្លេចប្ញស្សី)។
នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនោះដែរ លោកនិងក្រុមការងារ បាននាំយកនូវអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនក្នុងម្នាក់ៗ មានថវិកា ចំនួន៥០ម៉ឺនរៀល និងទឹកត្រចៀកកាំ០១កន្ត្រក ព្រមទាំងគោរពជូនពរឲ្យរៀមច្បងទាំងអស់ មានសុខភាពល្អ បរិបូរ មានកម្លាំងពលំមាំមួន អាយុយឺនយូរផងដែរ។
ជាមួយគ្នានោះដែរ លោកឈឿង សុខុម និងលោកពៅ ស៊ីដន អតីតជាស្នងការរង ចូលនិវត្តន៍ក៏បានថ្លែងអគុណ និងបានជូនពរដល់លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង រួមទាំងមន្ត្រីនគរបាលខេត្តទាំងអស់ សូមឲ្យមានសុខភាពល្អ សម្រេចបាននូវរាល់ភារកិច្ចទាំងឡាយទាំងពួង ដែលថ្នាក់លើប្រគល់ជូននិងទទួលបានជោគជ័យរាល់ភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕