ជនសង្ស័យដែលជាឃាតករ រំលោភក្មេងស្រី ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួនបានហើយ នៅចំណុចស្ពានព្រែកព្នៅ
រាជធានីភ្នំពេញ៖ឃាតកររំលោភក្មេងស្រីវ័យ១៤ឆ្នាំ ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ២៣ ក្រុម២ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួង ចាប់ឃាត់ខ្លួនបានហើយ នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្តុងឡើងរថយន្តតាក់ស៊ីចេញទៅខេត្ត។
ក្នុងប្រតិបត្តិការស្រាវជ្រាវនេះក្រោមការដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ រហូតឈានដល់ការឃាត់ខ្លួនសង្ស័យបាននៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈបម្តុងឡើងរថយន្តតាក់ស៊ីចេញទៅខេត្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អ៊ី អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ជួលម្នាក់ឯង ខណៈមេឃកំពុងភ្លៀង ត្រូវជនមិនស្គាល់មុខចូលទៅចាប់រំលោភសេពសន្ទវៈ រួចអារកសម្លាប់ចោលយ៉ាងព្រៃផ្សៃ ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជួលលេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយមកជនដៃដល់ក៏បានគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើល។
បច្ចុប្បន្នឃាតករ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕