រថយន្តយក្សដឹកជ្រូក រេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់មនុស្ស១នាក់ ៦នាក់របួសស្រាល និងធ្ងន់៦នាក់ នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស១នាក់បានស្លាប់ និង៦នាក់របួសស្រាល និង ៦នាក់របួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តប្រភេទយក្សដឹកជ្រូក១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បើករេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យប្លោងធ្លាក់ចុះមកខាងក្រោម។
ករណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ដឹកសត្វជ្រូកបើកពីទិសខាងលិចទៅខាងកើត មានអ្នករួមដំណើចំនួន១៣នាក់នៅក្នុងរថយន្ត។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តបានបើកក្នុងទិសពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល។ចំណែក្បាលរថយន្តបានធ្លាក់ចុះក្រោមជល់ទៅនឹងដី បណ្តាលឲ្យសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ និង១២នាក់ទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពីកើតហេតុរថយន្តបង្ក ត្រូវបាននគរបាលជំនាញ ចរាចរណ៍ស្រុក ស្ទូចយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់។ដោយឡែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតតាមប្រពៃណី៕