គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ សម្លាប់មនុស្សចំនួន១៥នាក់ និងរបួស៦២នាក់
រាជធានីភ្នំពេញ៖រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង៣០លើក បណ្តាលឲ្យស្លាប់១៥នាក់ និងរបួស៦២នាក់។ទាំងចំនួនគ្រោះថ្នាក់ចរាចរណ៍ ទាំងចំនួនអ្នកស្លាប់ និងទាំងចំនួនអ្នករបួស នៅឆ្នាំនេះ បានថយចុះ បើធៀបនឹងរយៈពេលថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន។នេះបើយោងតាម
របាយការណ៍របស់ប៉ូលិសចរាចរណ៍។
របាយការណ៍បន្តថា ក្នុងចំណោមអ្នកស្លាប់១៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃនេះ គឺមាន១១នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ ថ្មើរជើង៣នាក់ និងអ្នកធ្វើដំណើរតាមរថយន្តតូចម្នាក់។មានអ្នករបួសនិងស្លាប់ដែលធ្វើដំណើរតាមម៉ូតូចំនួន៣៨នាក់ មិនបានពាក់មួកសុវត្ថិភាព។រីឯមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ បង្កឡើងច្រើនជាងគេ ដោយសារបើកបរលឿនៗ មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ និងស្រវឹង ជាដើម។
ក្នុងរបាយការណ៍ បញ្ជាក់ថា នៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានកើតឡើង១១លើក បណ្តាលឲ្យស្លាប់៨នាក់ និងរបួស២៥នាក់។ក្នុងនោះ អ្នកស្លាប់៥នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ ថ្មើរជើង២នាក់ និងរថយន្តតូចម្នាក់។មូលហេតុ កើតឡើងច្រើនជាងគេ ដោយសារល្បឿន មិនប្រកាន់ស្តាំ ស្រវឹង និងងងុយ។
កាលពីថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១ឆ្នាំមុនគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង១៧លើក បណ្តាលឲ្យស្លាប់៨នាក់ និងរបួស២៧នាក់។ដោយឡែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង១០លើក បណ្តាលឲ្យស្លាប់៦នាក់ និងរបួស២១នាក់។ក្នុងនោះ៥នាក់ ដែលស្លាប់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងម្នាក់ជាថ្មើរជើង។ មូលហេតុ កើតឡើងច្រើនជាងគេ ដោយសារល្បឿន បើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ និងបត់មិនប្រយ័ត្ន។
កាលពីថ្ងៃភ្ជុំបិណ្ឌ ឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង២០លើក បណ្តាលឲ្យស្លាប់៩នាក់ និងរបួស៣២នាក់។រីឯនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង៩លើក បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស១៦នាក់។ដោយឡែក កាលពីថ្ងៃបង្ហើយនៃការឈប់សម្រាក៣ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង១៥លើក ស្លាប់៩នាក់ និងរបួស២១នាក់៕