ផ្ដល់ជីសរីរាង្គ ជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ជូនដល់សហគមន៍កសិកម្មចំនួន២១ ទូទាំងខេត្តកណ្ដាល
ខេត្តកណ្តាល៖មានប្រសាសន៍ទៅកាន់បងប្អូនសហគមន៍កសិកម្ម និងលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងមន្ត្រីប្រចាំការអនុសាខាទាំង១១ ក្រុង-ស្រុក ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសក្រុមហ៊ុនជប៉ុនបានផ្ដល់ជីសរីរាង្គ ចំនួន៥២តោន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់សហគមន៍កសិកម្មចំនួន២១ មកពីស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ សូមធ្វើដំណើរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយការយោគយល់ និងអាជាស្រ័យគ្នាទៅវិញទៅមក ដើម្បីការពារអាយុជីវិតអ្នកដទៃ ក្រុមគ្រួសារ និងខ្លួនឯងទាំងមូលផងដែរ។ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវមានការធ្វេសប្រហែស ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នៅវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ៕