ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយ ពលទាហាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣
កំពង់ស្ពឺ៖ឯកឧត្តមសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាព ទី៣ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ នាយ ពលទាហាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តតាកែវ ឯកឧត្តមអភិបាលខេត្តកណ្ដាល ឯកឧត្តមអភិបាលខេត្តកំពត លោកជំទាវអភិបាលខេត្តកោះកុង ឯកឧត្តមលោកជំទាវគណៈប្រតិភូប្រតិភូក្រសួងមហាផ្ទៃ និងសមាជិកសមាជិកាជាច្រើនរូបទៀត។
ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម សក់ សេដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក៏បានធ្វើការផ្តាំផ្ញើដល់ នាយទាហានទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងគ្រុនឈីក ដោយសូមឱ្យបងប្អូនចេះធ្វើអនាម័យឱ្យបានជាប្រចាំនៅក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃនឹងសាប៊ូជាមួយទឹកស្អាតអាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ៕