លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីនៃកងរាជអាវុធហត្ថទាំងអស់ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យកាន់បិណ្ឌ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង)
ខេត្តបន្ទាយមានជ័យ៖ចូលវេនទី១០ នៃពីធីបុណ្យកាន់បិណ្ឌ ថ្ងៃសុក្រ-សៅរ៍ ៩-១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ ព្រមទាំងនាយ-នាយរង និងពលអាវុធហត្ថទាំងអស់ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័នធ្វើបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបព្វតា (ហៅវត្តភ្នំជញ្ជាំង) ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្ត កុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ព្រមទាំងឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយ ក្នុងសង្សាវដ្ដ ជាពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខន ប្រជាពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃផងដែរ។
សូមជំរាបដែរថា នៅវេលាម៉ោង១០ថ្ងៃទី១០ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ នាយ-នាយរង និងពលអាវុធហត្ថ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានរៀបចំប្រារព្វពិធីរាប់បាត និងវេរភត្តាហារ -បរិក្ខារទាំងឡាយប្រគេនដល់ព្រះសង្ឃ នឹងអញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាអាហារជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។
ក្រោយពីចំណាយនៅក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះ ក៏នៅមានបច្ច័យសម្រាប់ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ចំនួន៤២លានរៀលសម្រាប់កសាងវត្តបន្ថែមទៀត និងប្រគេនដល់ព្រះសង្ឃ៣១អង្គ ក្នុងមួយអង្គចំនួន១០ម៉ឺនរៀលផងដែរ។
គួរម្លឹងដែរថា បុណ្យកាន់បិណ្ឌជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅៗធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដងៗ។ នៅពេលនោះហើយ ដែលយមរាជ(ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វនរកទាំងឡាយក្នុង១ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ។ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត។អ្នកខ្លះនិយាយថា តែដល់រដូវហើយ សត្វនរកដែលគេដោះលែងមក ខំដើររកបងប្អូនកូនចៅគ្រប់៧វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះ គេហៅថា “ កាន់បិណ្ឌ” ៕