ប្រកាសប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយស
ខេត្តកំពត៖នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃ ក្នុងសកម្មភាពការងារគ្រោះមហន្តរាយ ពិសេសបានជួយជនរងគ្រោះ រលំបាក់អាគារនៅខេត្តកែប កាលពីខែមករា ឆ្នាំ២០២០ កន្លងមក។
ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានមានប្រសាសន៍ គាំទ្រពេញទំហឹងចំពោះបេសកកម្មការងារដ៏ប្រសើរថ្លៃថ្លារបស់សមាគម និងខិតខំជួយជម្រុញចលនាសមាគមឱ្យមានដំណើរការល្អ ដើម្បីចូលរួមលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ឱ្យស័ក្តិសមនិងគុណបំណាច់ចំពោះបុព្វហេតុជាតិមាតុភូមិ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន ដើម្បីលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ និងពង្រឹងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ពេលមានការលំបាក គ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ឋានៈ នៅក្នុងសង្គម និងនិន្នាការនយោបាយណាមួយឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ គន់់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ផ្តល់ជាគ្រឿងឥស្សរិយយស និងបំពាក់ជូនក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះផងដែរ។
នៅក្នុងបរិយាកាសដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់ ដោយក្តីនឹករលឹកបំផុត។
ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានដាក់ចេញនូវផែនការនិងផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអតីតយុទ្ធជន និងកងកម្លាំងទាំងអស់បានផ្តល់ជូន អតីតយុទ្ធ ចំនួន ៣០០នាក់ក្នុងម្នាក់ៗ ៥០,០០០រៀល និងបំពាក់មេដាយជូនដល់កងកម្លាំងដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារកន្លងមក ជាពិសេសការចូលរួមស្វែងរកជនរងគ្រោះ ដោយការបាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០កន្លងទៅចំនួន៦០៦នាក់ផងដែរ៕