នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកែប និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកដែលមានស្នាដៃជួយសង្គ្រោះគ្រោះមហន្តរាយ
ខេត្តកែប៖ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ឯកឧត្តម សាម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានកិត្តិយសខេត្តកែប និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកដែលមានស្នាដៃជួយសង្គ្រោះគ្រោះមហន្តរាយនៅខេត្តកែប។
នាឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានកិត្តយសសមាគន៍អតីតយុទ្ធជនរបស់ខេត្ត បានមានប្រសាសន៍ថា កន្លងមក និងពេលបច្ចប្បន្នក្រុមការងារសមាគមន៍អតីតយុទ្ធជនរបស់ខេត្ត បានខិតខំកៀងគរសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីស្វែងរកមូលនិធិសម្រាប់ទ្រទ្រុងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្នុងការចុះសួរសុខទុក្ខចំពោះអតីតយុទ្ធជនជួបការលំបាក ឬរងគ្រោះផ្សេងៗនិងបានជួយដោះស្រាយនូវរាល់សំណូមពរចំបាច់នានារបស់អតីតយុទ្ធជននៅមូលដ្ឋានជាប្រចាំ ព្រមទាំងបន្តបំផុសលើកស្ទួយវីរៈភាពគុណបំណាច់ដ៏ថ្លៃរបស់អតីតយុទ្ធជន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា យើងទាំងអស់គ្នា មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការដោះស្រាយជីវភាពជូនបងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់នូវសម្ភារៈថវិកា ការតំឡើងប្រាក់សោធននិវត្តន៍ ការបង្កើតឲ្យមានគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច កសាងលំនៅដ្ឋានជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងបានបង្កើតគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពយោធិន និងអតីតយុទ្ធជន និងការបង្កើត និងបន្ថែមនូវប្រាក់របបសន្តិសុខសង្គមជូនជនពិការនិវត្តជន និងជនបាត់បង់ សមត្ថភាពការងារ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានកិត្តិយសខេត្តកែប ត្រូវទទួលខុសត្រូវ ដឹកនាំសម្របសម្រួល ក្រុមការងារ ដើម្បីជួយពង្រឹងសកម្មភាពសមាគម និងជួយដោះស្រាយជីវភាពរបស់អតីតយុទ្ធជនដែលជាសមាជិក ស.អ.ក.អោយបានល្អ៕