អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកពញាឮ
ខេត្តកណ្តាល៖នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកពញាឮ។
ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកញាឮ ខេត្តកណ្ដាល ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបីស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំណុះរដ្ឋបាលស្រុកពញាឮសរុប៥១៣នាក់។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែង ប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យស្ថិតនៅកន្លែងតែមួយ គឺក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនដល់ជនងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ កន្លងទៅបានបើកផ្តល់សាច់ប្រាក់ក្នុងជុំទី១៣ហើយ ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ជាប្រភេទក្រ១ និងក្រ២ ខណៈនេះដែរ ឯកឧត្តម បានជម្រុញ និងលើកទឹកចិត្ត ដល់ក្រុមយុវជនរបស់យើង បើដឹងថាប្រជាពលរដ្ឋណាម្នាក់ក្រពិតប្រាកដ តែពុំទាន់ទទួលបានប័ណ្ណសមធម៌ទេ សូមជួយរាយការណ៍ជូនលោកមេឃុំ និងក្រុមការងារ ដើម្បីសំភាសន៍តាមរយៈថេបឡេត ដើម្បីទទួលបានប័ណ្ណសមធម៌។បច្ចុប្បន្នការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែជាបញ្ហាចោទដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលទេ និយាយដោយឡែកសម្រាប់កម្ពុជាយើងវិញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចបានចាត់វិធានការណ៍ទប់ស្កាត់បានទាន់ពេល ជាក់ស្តែងអ្នកឆ្លងទូទាំងប្រទេសមានតែ២៧៤នាក់ ជាសះស្បើយ២៦៨នាក់ និងកំពុងសម្រាកព្យាបាល៨នាក់ទៀត ហើយពុំមានប្រជាពលរដ្ឋយើងណាម្នាក់រងគ្រោះរហូតដល់ស្លាប់ដោយសារជំងឺនេះទេ ភាគច្រើនការឆ្លងនេះជាការនាំចូលពីក្រៅតែប៉ុន្នោះ និងពុំមានការឆ្លងចូលក្នុងសហគមន៍ទេ។
ជាក់ស្តែងថ្មីៗនេះ ករណីវិជ្ជមាន ១ករណីលើនារីកងទ័ពមួកខៀវម្នាក់ ដែលមានផ្ទុកជំងឺនេះ រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ក៏បានជាសះស្បើយ និងបានវិលត្រលប់ទៅរស់នៅជួបជុំក្រុមគ្រួសារវិញហើយ រីឯសមាជិកក្រុមគ្រួសាររបស់គាត់ ដែលបានប្រាស្រ័យទាក់ទង និងរស់នៅផ្ទាល់ផ្សេងទៀត ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តន៍ ព្រមទាំងបានធ្វើចត្តាឡីស័ក ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ផងដែរ។ទោះជាលទ្ធផលដ៏ល្អប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យជំនាញ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរបស់យើង គឺបានសហការ និងគោរពបានយ៉ាងខ្ជាប់ខ្ជួន ថែរក្សាអនាម័យ ខ្លួនប្រាណរៀងៗខ្លួន ទើបយើងអាចគេចផុតពីក្រញ៉ាំបិសាច កូវីដ-១៩ នេះ ក៏ប៉ុន្តែយើងត្រូវតែបន្តគោរពអនុវត្តឱ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត មិនអាចធ្វេសប្រហែសបានឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បាននាំយកសម្ភារៈ មានសារុង និងថវិកាដើម្បីឧបត្ថម្ភ ដល់សមាជិកសមាជិកានៃអង្គពិធី ចំនួន៥១៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល សារ៉ុង០១ ម៉ាស់ និងជែលលាងដៃមួយចំនួន។ក្រោយពិធីនេះបានបញ្ចប់ ឯកឧត្តម និងសហការី អមដំណើដោយ លោកអភិបាលស្រុក បានបន្តអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នង ព្រមទាំងនាំយកអំណោយ មានអង្ករ៣០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ និងថវិកា ៤០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់លោកយាយ លោកតារស់នៅគ្មានទីពឹង នៅឃុំកោះចិន ស្រុកពញាឮ ផងដែរ៕