ឯកឧត្តម ជាវ តាយ អញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ចំនួន១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តកំពត៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទចំនួន១២០២នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០ នៅសាលសន្និសិទបូកគោ នាថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត បានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើងតែងបានសហការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយ និងបញ្ចៀសបាននូវរាល់ការកកស្ទះចរាចរណ៍ ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទភេទ ដោយមិនខ្លាចនឿយហត់ទោះបីស្ថិតក្នុងអាកាសធាតុក្តៅខ្លាំងបឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។
ឯកឧត្តមបញ្ជាក់ថា បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើង កំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយ សារជាសំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យសុខភាពការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។
ក្នុងពិធីសំណេះសំណាលនេះឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ជូនកងកម្លាំងទាំងបីប្រភេទសរុប១,២០២នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល សរុបស្មើនឹង ៦០,១០០,០០០រៀល។ ដោយថវិកាដែលបានផ្ដល់ជូននេះគឺបានមកពីការចូលរួមថវិកាបដិភាគ ៥0% របស់រដ្ឋបាលខេត្ត ជាមួយនឹងមេបញ្ជាការកងកម្លាំងទាំងបី ៕