ក្មេង១នាក់លង់ទឹកស្លាប់ និង២នាក់ទៀតជួយសង្គ្រោះទាន់ ខណៈដែលចុះរាវលៀស ក្នុងប្រឡាយ
ខេត្តបន្ទាយមានជ័យ៖ក្មេងចំនួន៣នាក់នាំគ្នា ទៅឃ្វាលគោជាមួយជីតា ស្រាប់តែចុះរាវលៀស ក្នុងប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់១នាក់ និង២នាក់ទៀតជួយសង្គ្រោះទាន់នៅវេលា។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប្រឡាយចិនខាងកើត ភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រហែល៣០០ម៉ែត្រពីភូមិ។
លោកយ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុកបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់
១-ឈ្មោះអោត សៀវម៉ៃ ភេទស្រី អាយុ៨ឆ្នាំ នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ស្លាប់)
២-ឈ្មោះកើស រាត្រី ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិថ្មីខាងមជើង ឃុំណាំតៅ ស្រុកភ្នំស្រុក ជួយសង្រ្គោះទាន់រស់
៣-ឈ្មោះកើស ចន្ត្រា ភេទស្រី អាយុ១២ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នាសង្គ្រោះទាន់។
លោកយ៉ត សុផល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ដើរទៅលេងជាមួយជីតាទៅឃ្វាលគោនៅវាលស្រែនៅជិតប្រឡាយ ហើយចុះរាវលៀលក្នុងប្រឡាយចិនដោយក្មេងទាំង៣នាក់មិនចេះហែល ទឹកបណ្តាលលង់ទឹកស្របពេលនោះជីតាបានជួយសង្គ្រោះជីវិតបាន២នាក់ ស្លាប់១នាក់។ពេលទទួលបានព័ត៌មានកម្លាំងជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ប៉ោយចារណាំតៅ ចុះពិនិត្យសពនិងកន្លែងកើតហេតុ ឃើញថា សពខាងលើពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន សពត្រូវបាននគរបាលជំនាញប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕