ប្រកាសតែងតាំងមុខតំណែង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកពីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ក្នុងស្មារតីនេះ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធជាតិយើង សូមគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើងឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន១០លានរៀល អង្ករ៣តោន និងផ្ដល់ជូននូវអគារស្នាក់នៅចំនួន១ខ្នងកម្ពស់២ជាន់ ដែលចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ព្រមទាំងបន្ថែមស័ង្កសីចំនួន៧០០០សន្លឹក ដែក ស៊ីម៉ងត៍ សម្រាប់កសាងបន្ថែមទៀតផងដែរ៕