ឃាត់ខ្លួនស្ត្រីម្នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម នៅស្រុកទ្រាំង
ខេត្តតាកែវ៖ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត តាកែវ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តតាកែវ សហកាជាមួយកម្លាំងកងរាជ អាវុធហត្ថ ស្រុកទ្រាំង បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម នៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ប៉ាល់ ថាវី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតបានម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀចំនួន០២គ្រឿង និងទូរស័ព្ទ០១គ្រឿងផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញឿនទាំងអស់នេះ ជារបស់ប្ដីខ្លួន ដែលពេលនេះបានរត់គេចខ្លួនបាត់ហើយ។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ចាត់ការតាមនិតិវិធី៕