ឯកឧត្ដម ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលបានសាងសង់រួចរាល់ នាពេលថ្មីៗនេះ
ខេត្តស្វាយរៀង៖ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពជា-វៀតណាម និងកម្ពុជា-ថៃ អមដំណើរដោយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណប្រិភូក្រសួង និងសមាជិកក្រុមការងារចំពោះកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ "ព្រៃវល្លិ៍" ដែលបានសាងសង់រួចរាល់នាពេលថ្មីៗនេះ ព្រមទាំងជួបប្រជុំពិភាក្សា ដើម្បីពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថិតនៅសាលប្រជុំច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រនៅក្នុងខេត្ត និងវឌ្ឍនភាពសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ជាពិសេសការផ្លាស់ប្តូរទំនិញនៅតាមច្រកទ្វាព្រំដែនសំខាន់ៗ ជាមួយប្រទេសវៀតណាម ក្នុងបរិបទនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងសាងសង់សំខាន់ៗក្នុងការពង្រីក និងលើកកម្ពស់គុណភាព ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញលើវិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។
ក្នុងនោះឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ក្រសួងបាន និងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញ ធ្វើចរាចរណ៍តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងបានធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបៃផងដែរ។
ជាងនេះទៅទៀតឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជាឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីកម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា៕