រដ្ឋបាលខេត្តត្បូងឃ្មុំ រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកមេមត់ ព្រលែងកូនត្រី៤ប្រភេទ នៅក្នុងបឹងក្រម
ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋានស្រុកមេមត់ ឃុំជាំក្រវៀន សហគមន៍បឹងក្រម និងព្រលែងកូនត្រី៤ប្រភេទ ស្មើនឹងប្រមាណ៥៧ ០០០ក្បាលនៅក្នុងបឹងក្រម ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីព្រឹកទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បឹងក្រមនឹងក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលអាចបង្កើតការងារនិងប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋប្រចាំតំបន់នេះ។ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា មើលថែត្រីទាំងនេះ កុំមានការលួចប្រើឧបករណ៍ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ដែលបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានមច្ឆជាតិគ្រប់ប្រភេទ និងរក្សាព្រៃជុំវិញនេះឲ្យបានល្អ ក្លាយជាម្លប់សម្រាប់ភ្ញៀវទេសចរណ៍។ក្នុងនោះលោកអភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខបងប្អូនក្នុងសហគមន៍ទាំងមូល និងជូនពរឲ្យមានសុខភាពល្អ និងជៀសផុតពជំងឺកូវីដ១៩ទាំងអស់គ្នា។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កូនត្រីដែលលែងចូលបឹងក្រម មានចំនួន៥៧០០០ក្បាល ក្នុងមាន៤ប្រភេទ រួមមានត្រីក្រាញ់ ត្រីរ៉ស់ ត្រីអណ្តែង និងត្រីប្រា។លោកបន្ថែមថា កូនត្រីទាំងនេះនឹងបង្កើនផលត្រីក្នុងបឹង សម្រាប់កម្មវិធីប្រពៃណីរបស់បងប្អូនក្នុងភូមិសាស្ត្រនេះ និងភ្ញៀវទេសចរណ៍ទាំងឡាយ ចុះចាប់កំសាន្តនៅដើមឆ្នាំខាងមុខ។
សូមជម្រាបថា បឹងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ។សម្រាប់២ឆ្នាំកន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រជាពលរដ្ឋចុះចាប់ត្រី និងចែកជូននូវរង្វាន់ជាថវិការដល់អ្នកចាប់បានត្រីធំ និងច្រើនផងដែរ៕