អភិបាលខេត្តព្រសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ស្នងការនគរបាលខេត្ត ចុះអន្តរាគមន៍រំដោះភ្ញៀវទេសចរណ៍ ដែលជាប់គាំង នៅក្រុងកោះរ៉ុង សរុបចំនួន៦២១នាក់
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត រួមនឹងមន្តីក្រោមឱវាតជាច្រើនរូប នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០បានចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ ដែលជាប់គាំងនៅក្រុងកោះរ៉ុង(កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយពីធាតុអាកាសមានភាពធូរស្រាល។
សូមជម្រាបដែរថា ភ្ញៀវទេសចរណ៍ដែលត្រូវបានដឹកជញ្ជូនមកកាន់ក្រុងព្រះសីហនុ មានសរុបចំនួន៦២១នាក់ ស្រី២១៥នាក់ ជនបរទេស៥០នាក់ ស្រី២៤នាក់ ក្មេង៩៦នាក់ និងទារក៦នាក់ ដែលបានអញ្ជើញទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះស៊ីនឡាគូ។
ក្នុងកិច្ចអន្តារាគមន៍នេះ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន២ជើង៖
-ជើងទី១ ចំនួន៤០៥នាក់ ស្រី១៤៣នាក់ (ក្មេងចំនួន៤១នាក់ និងទារកចំនួន៦នាក់)
-ជើងទី២ ចំនួន២១៦នាក់ ស្រី៧២នាក់ (ក្មេងចំនួន២៣នាក់)។ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន៨គ្រឿង។
ទន្ទឹមនោះដែរភ្ញៀវទេសចរណ៍ទាំងអស់នោះ បានសម្តែងនូវការអគុណចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានខិតខំជួយអន្តរាគមន៍ទាន់ពេលវេលា និងដោយសុវត្ថិភាព៕