ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈ០៣នាក់ថ្មីទៀត ត្រូវបានព្យាបាលជាសះស្បើយ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០១នាក់ជាមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈចំនួន០៣នាក់ថ្មីទៀត ត្រូវបានព្យាបាលជាសះស្បើយ។
អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ដែលជាបុរសជនជាតិអាមេរិកកាំង និងជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសា ប្រភេទ A មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។បុរសរូបនេះបានធ្វើ ដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដែលលទ្ធផលវិភាគវត្ថុ សំណាកលើកទី៣ នាថ្ងៃទី១៥ នៃការធ្វើចត្តាឡីស័ករបស់គាត់ រាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។អ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយ ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយ ក្រុមគ្រូពេទ្យអាមេរិកាំងនៃស្ថានទូតនេះ។
ចំពោះករណីជាសះស្បើយចំនួន០៣នាក់វិញ មានបុរសជនជាតិខ្មែរចំនួន០២នាក់ និងបុរសជនជាតិអាមេរិកកាំងជាមន្ត្រីទូតអាមេរិកម្នាក់រួមមាន៖
១-បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២-បុរសអាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បុរសជនជាតិខ្មែរទាំងពីរនាក់ខាងលើនេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខាភាពចាក់អង្រែ រាជធានីភ្នំពេញ។
៣-បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅ ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បុរសរូបនេះបាន ធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ដែលគ្រប់គ្រង និងរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោមៈ