ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពទឹកតាមបណ្ដោយព្រែកកំពង់បាយ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកទឹកឈូ លោកអភិបាលក្រុងកំពត និង កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងនគរបាលវរៈការពារព្រំដែនទឹកលេខ២៤១ កាលពីរសៀលថ្ងៃអាទិត្យ ១៣កើត ខេស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែសីហាឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយ ចាប់ពីក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ប្រាង្គ និង ឃុំកំពង់គ្រែងក្នុងស្រុកទឹកឈូ ខេត្តកំពត។
នាឱកាសនេះដែរ ឯកឧត្តម បានមានប្រសាសន៍ថា បើតាមការ ពិនិត្យវាយតម្លៃជាក់ស្ដែង ស្ថានភាពទឹកតាមដងព្រែកនៅពេលនេះ នៅមិនទាន់មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់នៃការលិចលង់ដល់ លំនៅដ្ឋាន ផ្ទះសំបែង ស្រែចំការរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ទៀត យើងមិនត្រូវមានការធ្វេសប្រហែសឡើយ។ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវប្រុងប្រយ័ត្នបន្តតាមដានចំពោះបាតុភូតឬធាតុអាកាស ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជួបការលំបាកឬរងគ្រោះដោយប្រការផ្សេងៗពីជំនន់ទឹកភ្លៀងនេះ។ពិសេសត្រូវត្រៀមលក្ខណៈប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ដើម្បីជួយអន្តរាគមន៍ ជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំននន់កើតឡើង៕