អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០
ខេត្តកំពត៖នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីតាមដានត្រួតពិនិត្យលើៈ
១.របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពត
២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នេរមាសកំពត របស់ក្រុមហ៊ុន IBG(CAMBODIA)C).Ltd ស្ថិតនៅភូមិទទឹងថ្ងៃ ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ
៣.លទ្ធផលសម្រេចបានក្នុងការឆ្លើយតប នឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៩។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តកំពត បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែសីហា ដើម្បីធ្វើការតាមដានការអនុវត្តការងារ និងពិនិត្យដោះស្រាយទៅលើបញ្ហាប្រឈម សំណូមពរ ព្រមទាំងដាក់ទិសដៅអនុវត្តសម្រាប់ខែបន្ទាប់ ហើយខេត្តមានការងារជាអាទិភាពមួយចំនួនត្រូវលើកមកពិភាក្សា ដើម្បីឲ្យការងារទាំងនោះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងសម្រេចទៅបាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕