ម្តាយធ្វេសប្រហែស ទុកកូនប្រុសទាំង២នាក់ចោល ទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅ ត្រលប់មកវិញប្រទះឃើញលង់ទឹកអូរ ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកំពង់ធំ៖ពិតជាសង្វែកខ្លាំងណាស់ក្មេងប្រុស០២នាក់បងប្អូន លង់ទឹកអូរស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែម្តាយនិងបងប្អូន មានការធ្វេសប្រហែល ទុកក្មេងប្រុសពីរនាក់នៅជាមួយបងប្អូនកន្លែងទុកគោយន្តកន្ត្រៃ ខ្លួនចេញទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅ។
ហេតុដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមឈ្មោះ គឿន ណាង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់សពក្មេងប្រុសរងគ្រោះ០២នាក់បានឲ្យដឹងថា សពមានឈ្មោះ លី សុខខែត អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ និងឈ្មោះ លី សុខខុន អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ(ក្មេងប្រុសរងគ្រោះទាំងពីរជាបងប្អូនបង្កើត)រស់នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ម្តាយសពក្មេងរងគ្រោះបន្តថា៖កាលពីវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខ្លួនបានជិះ(គោយន្តកន្ត្រៃ) របស់ឈ្មោះ ញឹម ញ៉ុន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរត្រូវជាបងប្អូន ដោយមានកូនប្រុសពីរនាក់ទៅជាមួយឈ្មោះលី សុខខែត និងឈ្មោះលីសុខខុន មានឈ្មោះដឹម ឃីម ភេទស្រី មានឈ្មោះ ប៊ុនណា គុន ភេទប្រុស និងឈ្មោះញ៉ាន ផល្លី ភេទស្រី បាននាំគ្នាទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅ នៅតំបន់កើតហេតុខាងលើ ពេលទៅដល់ ខ្លួនបានដើរច្រូតស្មៅម្នាក់ឯង ដោយទុកកូនប្រុសទាំងពីរនៅជាមួយបងប្អូនកន្លែងទុកគោយន្តកន្ត្រៃ លុះវេលាម៉ោង១៤ និង៣០នាទី ត្រូវត្រឡប់ទៅផ្ទះវិញ មិនឃើញកូនរបស់ខ្លួន ក៏នាំគ្នាដើររកឃើញខោនិងអាវនៅលើលូ តាមផ្លូវក៏នាំគ្នាចុះរាវមុខលូមានអូរទឹកជំរៅពីរម៉ែត្រពេលនោះឈ្មោះញឹម ញ៉ន ត្រូវជាបងបានចុះរាវប៉ះចំឃើញកូនទាំងពីរ របស់ខ្លួននៅបាត់អូរក៏ស្រង់មកពិនិត្យ ឃើញស្លាប់មិនដឹងស្មើរណាទេ ក៏បានដឹកយកសាកសពទៅលំនៅដ្ឋានរបស់ខ្លួន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល មេភូមិ និងគ្រួសារសពចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើតហេតុ និងសាកសព។
តាមការពិនិត្យនៅលើមាត់ និងច្រមុះមានហៀរទឹកលាយភក់ដងខ្លួនសពទាំងពីរពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ ហើយធ្វើការសន្និដ្ឋានថា៖ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លូនឯង។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញ បានប្រគល់សពក្មេងប្រុសរងគ្រោះទាំង២នាក់បងប្អូន ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕