ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវាតអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋប្រមាណ១៨៥នាក់ ដែលសង្ស័យឆ្លជំងឺគ្រុនឈិក នៅស្រុកពញាឭ
ខេត្តកណ្ដាល៖នាឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋដែលមានការសង្ស័យ បានឆ្លងជំងឺគ្រុនឈិក ប្រមាណ១៨៥នាក់ ស្ថិតនៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករឭក។
ជាមួយគ្នានោះឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ឯកឧត្ដមអភិបាលខេត្ត បញ្ចាក់ទៀតថា ជំងឺគ្រុនឈិកនេះជាប្រភេទជំងឺថ្មី មួយប្រភេទទៀត ដែលវាបានធ្វើអោយអ្នកដែលបានឆ្លងជំងឺនេះ មានអការៈក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមាន ឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ហើយជំងឺនេះឆ្លងតាមរយៈមូសខ្លាញីគឺជាភ្នាក់ងារចម្លង។
ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈិកឲ្យសោះ។
បន្ទាប់ពីនេះឯកឧត្តមអភិបាលខេត្ត បាននាំមកនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល នូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានការសង្ស័យឆ្លងជំងឺគ្រុនឈិកផងដែរ៕