តូបលក់ដូរជាច្រើន នៅក្នុងផ្សារធំបាត់ដំបង ហៅ«ផ្សារណាត់» ដែលមានវ័យចំណាស់ជិត៩០ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើល
ខេត្តបាត់ដំបង៖តូបលក់ដូររបស់អាជីវករជាច្រើន នៅក្នុងផ្សារធំបាត់ដំបងហៅ«ផ្សារណាត់» ដែលមានវ័យចំណាស់ជិត៩០ឆ្នាំ សាងសងតាមរចនាបទអាតដេកូ (Art Deco) ដែលល្បីសុះសាយថា ជាសំណង់បេតិកភ័ណ្ឌនោះ ត្រូវបានអគ្គិភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨និ០០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្សារធំបាត់ដំបង ហៅផ្សារណាត់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែង និងអណ្តាតភ្លើងផ្តើមឆេះចេញឡើង ពីក្នុងតូបលក់សម្ភារ:មួយកន្លែងនៅផ្នែកខាងជើង ឈៀងខាងលិចផ្សារ ហើយក្រោយមកអណ្តាតភ្លើងបានឆេះរាលដាលឡើងយ៉ាងសន្ធោសន្ធៅ និងបង្កការភ្ញាក់ផ្អើលឡើងតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាតាមបណ្តាស្រុកជាច្រើនគ្រឿង បានចេញមកជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ ដោយមានកម្លាំងទាំងបីប្រភេទចុះជួយបាញ់ទឹកពន្លត់ផងដែរ។
នៅក្នុងហេតុការណ៍នោះផងដែរគេសង្គេតឃើញវត្តមានឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ចុះបញ្ជាផ្ទាល់ នៅទីបំផុតនៅវេលាម៉ោងប្រមាណ១៩និង៣០នាទី ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ប៉ុន្តែគេនៅមិនទាន់ដឹងអំពីបញ្ហាពិតប្រាកដណាមួយដែលផ្តើមឲ្យកើតមានអគ្គិភ័យនេះបាននៅឡើយទេ ហើយក៏នៅមិនទាន់ដឹងច្បាស់ទំហំនៃការខូចខាតតូបអស់ប៉ុន្មាននោះដែរ ដោយសមត្ថកិច្ចជំនាញបិទទុក ដើម្បីចុះធ្វើការស្រាវជ្រាវនៅពេលក្រោយ។បើតាមប្រភពដាច់ដោយឡែកបានលើកឡើងថា ករណីអគ្គីភ័យនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ក្រោយពីមានការសហការគ្នារវាងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធាខេត្តបាត់ដំបង ធ្វើការពន្លត់យ៉ាងមមាញឹកប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ជិត៤០រថយន្ត ទើបគ្រប់គ្រងស្ថានការបាន ហើយក្នុងហេតុការនេះមិនមានមនុស្សរងរបួសទេ គ្រាន់តែខូចខាតអស់សម្ភារ:មួយចំនួនធំ៕