សមត្ថកិច្ចខណ្ឌសែនសុខចាប់ឃាត់ខ្លួន កូនប្រុសអកត្តញ្ញូបែកថ្នាំ ស្រវឹងខួប លើកកាំបិតកាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន ដាច់ចេញពីស្មា ស្លាប់យ៉ាងអាណោចអាធ័ម បានហើយ
រាជធានីភ្នំពេញ៖អំពើមនុស្សឃាតដ៏សាហាវ របស់កូនប្រុសអកត្តញ្ញូបែកថ្នាំ ស្រវឹងខួប លើកកាំបិតកាត់ក្បាលម្ដាយបង្កើតរបស់ខ្លួនដាច់ចេញពីស្មា បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ដែលគេប្រទះឃើញតាំងពីព្រឹកព្រលឹមអុរនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្នុងបុរីសឡា៣ ស្ថិតនៅខាងកើតមន្ទីរពេទ្យឯកជន យីហោមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្បែរមន្ទីរពេទ្យ IU ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ាម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកំណើតនៅភូមិកោះប៉ែន ខ ឃុំកោះមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរទៅលើជនដៃដល់ និងកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី។ចំណែកសពក្រោយកម្លាំងជំនាញធ្វើកោសល្យវិច្ច័យរួច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ដែរថា ពាក់ពន្ធ័ទៅនឹងអំពើឃាត្តកម្មខាងលើនេះ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកពីរនាក់ម្ដាយកូននេះតែងកើតមានជម្លោះគ្នាជាញឹកញាប់ ហើយអ្នកភូមិក៏ដឹងដែរថា យុវជនដៃដល់សម្លាប់ម្ដាយនេះ ក៏ជាអ្នកញៀនថ្នាំ ផឹកស្រា ហើយតែងបែកថ្នាំជាញឹកញាប់ បង្កការភ័យខ្លាចដល់អ្នកជិតខាង និងម្ដាយរបស់ខ្លួន។ប្រភពបន្តថា នៅមុនកើតហេតុមួយថ្ងៃ ស្ត្រីជាម្ដាយបាននិយាយ ប្រាប់អ្នកស្គាល់គ្នា ឬអ្នកជិតខាងថា មីងលែងបាននៅផ្ទះនេះទៀតហើយ ចាប់ពីថ្ងៃនេះតទៅ មីងគ្រោងនឹងរើចេញទៅកន្លែងផ្សេង ដោយសារតែកូនប្រុសធ្វើទុកបុកម្នេញខ្លាំងពេក លុះនៅព្រឹកព្រលឹមថ្ងៃកើតហេតុ ក៏ស្រាប់តែមានការភ្ញាក់ផ្អើល ដោយប្រទះឃើញស្ត្រីនេះដេកស្លាប់ក្នុងផ្ទះជួល ដោយដាច់ក្បាលចេញពីស្មានៅក្នុងថ្លុកឈាមតែម្តង៕