១នាក់ចូលដេកគុក និង១នាក់ទៀតស្លាប់ក្នុងថ្លុកឈាម ព្រោះតែផឹកស៊ីទាស់សម្តីគ្នា ទាញចបជីកវាយ ទៅលើគូទំនាស់ នៅខ្ទមចាំចម្ការ
ខេត្តបន្ទាយមានជ័យ៖បុរស២នាក់ ជាអ្នកស៊ីឈ្នួលដេកចាំចម្ការដំឡូងមី នៅត្រង់ចំណុចអូរកងរ៉ក់ ស្ថិតនៅខាងលិចឈាងខាងត្បូងចម្ងាយ៤.០០០ម៉ែត្រ ពីភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផឹកស៊ីទាស់សម្តីគ្នា រហូតឈានដល់ការប្រើហឹង្សា ទាញចបជីកវាយទៅលើគូទំនាស់ បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
ពាក់ពន្ធ័ករណីនេះបើតាមលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ឈី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ចំណែកជនសង្ស័យមានឈ្មោះ ភី ចម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដូចគ្នា។
លោកអធិការ បញ្ជាក់ឲ្យដឹងបន្តថា មុនពេលកើតហេតុនោះជនសង្ស័យ និងជនរងគ្រោះ ទាំង២នាក់ ជាអ្នកស៊ីឈ្នួលដេកចាំចម្ការដំឡូងមី នៅចំណុចកើតហេតុឲ្យឈ្មោះ សុខ ចាន់វុទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ម៉ោងជិត១០នោះ បានចាប់ផ្តើមផឹកស្រាថ្នាំជាមួយគ្នា នៅនឹងខ្ទមចម្ការ ពេលស្រវឹងរៀងៗខ្លួន ក៏មានទាស់ពាក្យសម្តី ឈានដល់កើតមានអំពើហឹង្សា ដោយជនសង្ស័យបានទាញយកចប់កាប់ជំរះស្មៅ វាយទៅលើជនរងគ្រោះ ត្រូវចំក្បាលជាច្រើនកន្លែង បណ្តាលឲ្យដេកស្លាប់នៅក្នុងថ្លុឈាម ក្រោយពីធ្វើសកម្មភាពរួចរត់គេចបាត់លុះព្រឹកឡើង មានប្រជាពលរដ្ឋ ទៅចម្ការក្បែរនោះប្រទះឃើញសពដេកស្លាប់ ក៏រាយការណ៍មកសមត្ថកិច្ច ចុះទៅពិនិត្យ ហើយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្វាយចេក បានធ្វើការឃាត់ ឈ្មោះ ភី ចម ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យ កងរាជអាវុធហត្ថមូលដ្ឋានស្រុកស្វាយចេក កំពុងកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕