អភិបាលខេត្តកណ្ដាល អញ្ជើញជូបសំណេះសំណាល និងអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាត ចាស់ជរា និងបាត់បង់សមត្ថភាពការងារចំនួន១៤៥គ្រួសារ នៅឃុំវិហារសួគ៌
ខេត្តកណ្តាល៖ក្នុងឱកាសអញ្ជើញជូបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាត ចាស់ជរា និងបាត់បង់សមត្ថភាពការងារចំនួន១៤៥គ្រួសារ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ឯឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមថែរក្សាសុខភាពឲ្យបានល្អ គោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈិក ដែលកំពុងគ្មានការរីករាលដាលផងដែរ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកបំផុត ដែលសម្ដេចទាំងទ្វេ តែងតែគិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ។
ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការដាច់ស្បៀងអាហារឡើយ។
ជាមួយគ្នានោះដែរព្រះតេជគុណ យឿន យ៉ន ចៅអធិការវត្តព្រះវិហារសួគ៌ បានមានសង្ឃដីកាថា នេះគឺជាលើកទី៥ហើយ ដែលគណៈសង្ឃវត្តវិហារសួគ៌ បានរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគ ចែកជូនញោមដែលមានជីវភាពខ្វះខាត ចាស់ជរា និងបាត់បង់សមត្ថភាពការងារ ហើយអំណោយដែលត្រូវផ្ដល់ជូននៅពេលនេះរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕