អាជ្ញាធរថៃ ផ្អាកពលរដ្ឋខ្មែរចេញ ចូលដឹកជញ្ជូនទំនិញ ក្នុងផ្សាររោងក្លឿ ក្នុងឳកាសឈប់សម្រាក
ខេត្តបន្ទាយមានជ័យ៖ក្នុងអំឡុងថ្ងៃឈប់សាធារណៈ របស់ព្រះរាជាណាចក្រថៃឡងដ៍ អាជ្ញាធរថៃផ្អាកពលរដ្ឋខ្មែរចេញ ចូលដឹកជញ្ជូនទំនិញក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ តាមលិខិតលេខ០០៣៨២/៤២៨៣ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការផ្អាកការអនុញ្ញាតិឲ្យពលរដ្ឋខ្មែរចេញចូលដឹកទំនិញក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃឡងដ៍ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងអំឡុងថ្ងៃឈប់សាធារណៈ របស់ព្រះរាជាណាចក្រថៃឡងដ៍។
គួរម្លឹងដែរថា៖កាលពីថ្មីកន្លងទៅនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តស្រះកែវ បានឯកភាពគ្នា អនុញ្ញាតឲ្យអាជីវករខ្មែរចូលរថយន្តចំនួន៥០គ្រឿង និងមិនឲ្យលើសពី២នាក់ទាំងតៃកុង ដើម្បីពិនិត្យ និងប្រមូលទំនិញរបស់ពួកគាត់ នៅផ្សាររោងក្លឿ ប្រទេសថៃ ដោយអនុញ្ញាតឲ្យចូលចាប់ពីម៉ោង៨ព្រឹក ដល់រសៀលត្រូវវិលត្រលប់មកវិញតាមការកំណត់ ដោយមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាល៕