សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរ និងចូលរួមអបអរសាទរចំពោះ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាងហើយពិធីសម្ពោធ ក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់ របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ហើយតាមរយ:ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត បានផ្តាំផ្ញើអោយអ្នកគ្រប់គ្រងមជ្ឈមណ្ឌល យកចិត្តទុកដាក់លើការងាររក្សាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន នៅក្នុងមជ្ឈមណ្ឌលទាំងមូល ជាពិសេសគឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និងប្រជាពលរដ្ឋ ដែលបានមកទិញទំនិញក្នុងទីតាំងរបស់ខ្លួន តាមរយ:ការពាក់ម៉ាស់អោយបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ រឺជែលលាងដៃអោយបានញឹកញាប់។
យោងតាមការឲ្យដឹងពី លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឲ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម បានសាងសង់ឡើងក្នុងរយៈពេល១២ខែ លើផ្ទៃដី១២.៨៨៦ ម៉ែត្រក្រឡាដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន១.៥៣២.៨០០ ដុល្លារអាមេរិក ក្នុងនោះមាន៖
-តូបនិងស្តងសរុបចំនួន៤០៨ -ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង
-ចំណតទោចក្រយានយន្ត អាចថតបានចំនួន ៣០០គ្រឿង
-បន្ទប់អនាម័យចំនួន២ មានទំហំ (៦x១៦) មាន២២បន្ទប់ សរុប៤៤បន្ទប់
-ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត៕