កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត
ខេត្តកំពង់ឆ្នាំង៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញឱ្យបន្តរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ទូទាំងខេត្ត ទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ត្រៀមអន្តរាគមន៍គ្រោះមហន្តរាយគ្រប់ប្រភេទ ពិសេស បន្តពង្រឹងវិធានការអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀតឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ទីរជំនាញ និងសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព សុវត្ថិភាពសាធារណៈ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរ ទប់ស្កាត់បទល្មើសជលផល បទល្មើសព្រៃឈើ យកចិត្តទុកដាក់លើការងារបង្កបង្កើនផល លើកកម្ពស់កំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន។ក្នុងនោះឯកឧត្ដមបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរផងដែរ៕