សង្ស័យរអិលជើង ធ្លាក់ចូលប្រឡាយទឹកចាំចំការ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ខណៈចុះលាងជើង
ខេត្តបាត់ដំបង៖ក្មេងប្រុសអាយុ១០ម្នាក់ លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធម័ បន្ទាប់ពីចុះទៅមាត់ប្រឡាយលាងជើង ខណៈម្តាយដើរទៅកាន់ខ្ទមចំការមុន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទឹកពុះ ស្ថិតនៅភូមិស្រះថត ឃុំព្រៃត្រឡាចស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ពាក់ពន្ធទៅនឹងករណីខាងលើនេះបើតាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពក្មេងរងគ្រោះមានឈ្មោះ តាំ វាសនា ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
បើតាមឈ្មោះ ខ សុះ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវជាអ៊ុំបង្កើតរបស់សព បានឲ្យដឹងដែរថា សពជាក្មួយបង្កើតរបស់ខ្លួន មានជម្ងឺស្កន់ប្រកាច់ តាំងពីតូចមក លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤ និង០០នាទីល្ងាច ក្មួយខ្លួនតាំ វាសនា បានដើរតាមម្តាយខ្លួន ឈ្មោះ ស៊ឹម ស អាយុ៥៨ឆ្នាំ ចេញពីចំការ ចំណុចទឹកពុះ ភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ទៅកាន់ខ្ទមចំការក្បែរនោះ ពេលដល់ចំណុចប្រឡាយកាយដី ក្មួយខ្លួន បានចុះលាងជើង នៅមាត់ប្រឡាយនោះ ហើយម្តាយខ្លួនដើរទៅកាន់ខ្ទមចំការមុន។ពេលម្តាយខ្លួនដើរដល់ខ្ទម ចាំមើលចៅមិនឃើញ ក៏ត្រឡប់ដើរទៅរកចៅវិញ តែមិនឃើញ ហើយក៏មកហៅខ្លួននិងបងប្អូន ជួយដើររក នៅតែមិនឃើញ លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ម៉ោង៤:០០នាទីល្ងាច ខ្លួនបានប្រទះឃើញសាកសពក្មួយខ្លួន អណ្តែតក្នុងទឹកប្រឡាយ ដែលក្មួយខ្លួនចុះលាងជើង។
បន្ទាប់ពីទទួបាននូវព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ចយ័ រួចប្រគ្រល់សព ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕