ឯកឧត្តម យក់ ង៉ុយ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព នៃគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង
ខេត្តបាត់ដំបង៖ក្នុងពិធីប្រកាសសមាសភាព នៃគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងក្រសួងអប់រំ បានមានប្រសាសន៍ថា ដោយសារតែបច្ចុប្បន្នមានការផ្ទុះរីករាលនូវជម្ងឺកូវីដ-១៩ ធ្វើឲ្យមានការអាក់ខាន់ក្នុងការរៀនសូត្រ បង្ហាត់បង្រៀន ដោយត្រូវឲ្យសិស្សនិស្សិតត្រូវសិក្សាពីចម្ងាយ (តាមប្រព័ន្ធអនឡាយ) ទើបក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតគណៈកម្មការគ្រប់គ្រងនេះឡើង ដើម្បីធ្វើការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងនៅក្នុងសាកលវិទ្យាល័យ ដើម្បីធានាយ៉ាងណាឲ្យមានគុណភាពខ្ពស់ក្នុងការបង្រៀន ក៏ដូចជាសិស្សនិស្សិតមានជំនាញច្បាស់លាស់ ដែលអាចយកទៅធ្វើការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន ឲ្យមានការរីកចម្រើនជានិរន្តរន៍។
ជាមួយគ្នានោះដែរឯកឧត្តមងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សាកលវិទ្យាល័យបាត់ដំបង ជាសាកលវិទ្យាល័យរដ្ឋមួយដ៏ធំ ប្រចាំខេត្តបាត់ដំបង ដែលបានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសដែលបានមកទទួលយកចំណេះដឹង នៅឯសាកលវិទ្យាល័យបាត់ដំបងនេះ និងជាពិសេសក៏បានចូលរួមជួយដល់សិស្សនិស្សិតក្រីក្រ អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង មិនថានិសិ្សតមកពីស្រុក ឬខេត្តផ្សេងៗឡើយ។
ក្នុងនោះឯកឧត្តមបានកោតសរសើរដល់សាស្រ្ដាចារ្យ បុគ្គលិក ថ្នាក់ដឹកនាំ និងលោកជំទាវសាកលវិទ្យាធិការរបស់សាកលវិទ្យាល័យបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញគ្រប់ភារកិច្ចទាំងអស់ ក្នុងការជំរុញឲ្យមានការបង្កើនធនធានមនុស្សកាន់តែមានសក្ដានុភាព ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ សំបូរទៅដោយធនធានមនុស្សពិតប្រាកដផងដែរ៕