រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីអបអរសាទរចំពោះសមិទ្ធផលរបស់សហគមន៍ និងពិធីបិទបញ្ចប់កម្មវិធីតំបន់ពញាឮ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា
ខេត្តកណ្ដាល៖លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និងលោក រ៉ូប៊ឹត ហ្គីលលែន នាយកផ្នែកយុទ្ធសាស្រ្ត និងគុណភាព កម្មវិធីអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរចំពោះសមិទ្ធផលរបស់សហគមន៍ និងពិធីបិទបញ្ចប់កម្មវិធីតំបន់ពញាឮ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា នៅសាលាបឋមសិក្សា ហ៊ុន សែន ឈ្វាំង ស្រុកពញាឮ។
នាឱកាសនោះលោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា សមិទ្ធផលរបស់សហគមន៍ ដៃគូ និងការបញ្ចប់គម្រោងរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំស្រុកពញាឮ ដែលមានរយៈពេល១៥ឆ្នាំ (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ) ពិតជារួមចំណែកយ៉ាងច្រើនទៅដល់ប្រជាពលរដ្ឋ ជាពិសេស គឺកុមារដែលរស់នៅក្នុងជីវភាពក្រីក្រ។
លោកបន្តថា អង្គការទស្សនៈពិភពលោកអន្តរជាតិ បានកំណត់តំបន់គោលដៅមានភូមិចំនួន ៣៤ភូមិ មកពីឃុំចំនួន៣ ដែលមានឃុំឈ្វាំង ចំនួន១១ភូមិ ឃុំទំនប់ធំ ចំនួន១៥ភូមិ និងឃុំផ្សារដែក ចំនួន៨ភូមិ ក្នុងស្រុកពញាឮ ។
ជាមគ្នានោះដែរលោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងបង្កើននូវចំណេះដឹង នៃការអនាម័យ ទឹកស្អាត ការអប់រំ និងវិធីអប់រំផ្នែកសុខភាព និងអាហាររូបត្ថម្ភ ដល់គ្រួសារដែលមានកូនតូច ក្រោមអាយុ៥ឆ្នាំ៕