លោកជំទាវ ម៉ៅម៉ាល័យ ដឹកនាំកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ដាំកូនឈើ រាំងទឹកចំនួន១.២០០ដើម ដើម្បីជាប្រយោជន៍ ប្រជាពលរដ្ឋ និងជាជម្រកសត្វស្លាប នៅស្រុកថ្នពួក
ខេត្តបន្ទាយមានជ័យ៖ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ និងជាជម្រកសត្វស្លាប កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសមាគមនារីកម្ពុជា សន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុកមន្ត្រីរាជការ និង កងកម្លាំងអាវុធហត្ថ កម្លាំងយោធា និងប្រជាពលរដបានផ្តួចផ្តើមនាំគ្នាដាំកូនឈើ រាំងទឹកចំនួន១.២០០ដើម ស្ថិតក្នុងរមណីយដ្ឋានអាងជើងគ្រុស ក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ។
បើតាមអ្នកជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជាការពិតណាស់ ដើមឈើរាំងទឹកនេះ វាមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទវាផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនដូចជាៈផ្ដល់មកនូវម្លប់ ផ្លែផ្កា អុសសំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ នឹងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។
ហេតុដូចនេះយើងទាំងអស់គ្នាដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ និងជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះនោះផងដែរ។
ក្នុងនោះលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ត្រូវចូលរួមបង្កើនសកម្មភាពដាំដុះដើមឈើគ្រប់ប្រភេទ នៅតាមទីវត្តអារាម សាលារៀន ទីធ្លាសាធារណៈ ក្នុងបរិវេនគ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាមដងផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រឡាយ តាមភូមិដ្ឋាននានានិងតាមភ្លឺស្រែ ចំការឲ្យបានច្រើនកុំចាំបាច់មើលបំណាំគ្នាឲ្យសោះ៕