លោកនៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ អគារប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្តាល៖នៅក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ប៉ុស្តិ៍រដ្ឋបាលឃុំ គឺមានសារៈសំខាន់ណាស់ ព្រោះជាកន្លែងឈរជើង របស់មន្ត្រីប៉ុស្តិ៍ ក្នុងការបំពេញការងារ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានកាន់តែប្រសើរឡើង។
លោកបន្តថា ការបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលឃុំ នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលឃុំព្រះពុទ្ធ ដូច្នេះក្រោយពីទទួលបានអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីនេះ មន្ត្រីនគរបាល ត្រូវបន្តខិតខំលើកកម្ពស់ ការបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាព ស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបានថា ក្នុងមូលដ្ឋានរបស់ខ្លួន គឺមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ សម្រាប់ការរស់នៅប្រកបមុខរបររបស់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀតលោកបញ្ជាក់ថា កិច្ចការនេះមន្ត្រីប៉ុស្តិ៍គ្រប់ថ្នាក់ ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹមក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាននៅគោលការណ៍ ទាំង៩ចំណុច នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ក្នុងការការពារខ្លួនពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាបន្តទៀត ត្រូវមានអនាម័យជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ ជែល ឬអាកុលឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាសនៅពេលដែលអ្នកចេញក្រៅ កាត់បន្ថយការជួបជុំ រក្សាគម្លាតពីគ្នា ជាពិសេសត្រូវចូលរួមអនុវត្តតាមវិធាននិងការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ៕