រដ្ឋបាលខេត្តកំពង់ចាម បើកសិក្ខាសាលាស្តីពី កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «កិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងលោកអធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកចំនួន០៣ (ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកចំការលើ) ជាស្រុកគោលដៅដែលមានប្រជាជនធ្វើចំណាកស្រុក និងធ្លាក់ក្នុងអន្ទាក់រងគ្រោះក្នុងអំពើជួញដូរមនុស្ស។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ដែលបានកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ និងជាពិសសេស បន្តយុទ្ធនាការក្នុងការអប់រំផ្សព្វផ្សាយអំពីទម្រង់នៃអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក-ក្រុង ដើម្បីបញ្ជ្រាបចំណេះដឹង និងពន្យល់ពីហានិភ័យដែលអាចកើតឡើងក្នុងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទដល់បងប្អូនប្រជាពលរដ្ឋយើងនៅថ្នាក់មូលដ្ឋាន។
គួរកត់សម្គាល់ដែរថាអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ ពោលគឺជនរងគ្រោះមួយចំនួនដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ គឺអាចប្រឈមនឹងការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងបាត់បង់អាយុជីវិត។ ស្របពេលនៃការបន្តរីករាលដាលនៃជម្ងឺកូវីដ១៩ ជាសាកល បានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះនឹងបន្តរុញច្រានឲ្យប្រជាពលរដ្ឋមួយចំនួន ជួបប្រទះនឹងបញ្ហាលំបាកផ្នែកជីវភាព និងងាយស្រួលចាញ់បោកការអូសទាញរបស់ មេខ្យល់ ដែលធ្វើការអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទម្រង់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាម ឯកឧត្តម សូមអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់៖
-ត្រូវធ្វើការពិនិត្យពិច្ច័យលើករណីនេះ និងយកចិត្តទុកដាក់ក្នុងករណីដែលមានការអូសទាញណាមួយនាំឲ្យមានចំណាកស្រុកខុសច្បាប់ ឬមានការបំលាស់ទីដែលមានគោលដៅ។
-ត្រូវបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឲ្យជនល្មើស អន្តរការី (មេខ្យល់)ទាំងឡាយណា មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមរបស់យើង។
-ត្រូវអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរនៃទម្រង់ក្នុងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យាដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើស បានធ្វើការទាក់ទងគ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ជៀសពីការតាមដាន ឬក្រសែភ្នែករបស់អាជ្ញាធររបស់យើង៕