រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅស្រុករំដួល ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន
ខេត្តស្វាយរៀង៖ក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន នាព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល តំណាងលោកជំទាវកិត្តិសង្គហបណ្តិ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្ដស្វាយរៀង បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាឆ្ពោះទៅមុខ ស្ថិតក្រោមដំបូលសុខសន្តិភាព ប្រជាជនមានជីវភាពធូធារប្រសើជាងមុន ក្នុងនោះរួមទាំងការអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធ មានការចំរើនលើគ្រប់វិស័យផងដែរ។
ជាមួយនេះឯកឧត្តមបន្តថា ក្នុងនាមតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត សូមអគុណដល់ឯកឧត្តម លោកជំទាវ ជាក្រុមការរាជរដ្ឋាភិបាល ក្រុមការងារលេខាធិការដ្ឋាន ចុះជួយស្រុករំដួលដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត និងធនធានក្នុងការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់ ក្នុងនោះបានចុះអនុវត្តយ៉ាងសកម្មក្នុងការយកចិត្តទុកដាក់ទៅលើការតាមដាន និងពិនិត្យការងារជាពិសេសការប្រមូលព័ត៌មានជាក់ស្តែង ដើម្បីធ្វើការឆ្លើយតបនូវតម្រូវការ កង្វល់ បញ្ហាសំណើរសំណូមពរ និងជម្រុញការដោះស្រាយសមស្របជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។
ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍បញ្ជាក់ថា ការចុះអនុវត្តការងារយ៉ាងសកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅស្រុករំដួល គឺពិតជាបានបង្ហាញឲ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្ដស្វាយរៀង ក្នុងការប្រមូលផ្ដុំនូវកម្លាំងសរុប តម្រង់ឆ្ពោះទៅមូលដ្ឋាន ដើម្បីគាំទ្រ និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕