សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះ ស្រុកពញាឮ
ខេត្តកណ្តាល៖ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះចំនួន២ខ្នងផ្ទះ ដោយឆេះទាំងស្រុង១ខ្នង និងរងផលប៉ះពាល់១ខ្នង ស្ថិតនៅភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយលោក ទៀង សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយ ចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់ពួកគាត់។
នាឱកាសនោះលោក ទៀង សុគន្ធ បានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។
ជាមួយគ្នានោះលោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមគ្នានោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ និងជំងឺកូវីដ១៩ ដោយត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន។
ចំពោះអំណោយមនុស្សធម៌ ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន២គ្រួសារ រួមមាន៖ សម្រាប់គ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ទទួលបានអង្ករចំនួន២បាវ តង់១ ត្រីខ១យួរ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកអាល់កុល១ដប ម៉ាស់១០បន្ទះ អាវយឺតចំនួន៥ សំភារះផ្ទះបាយមួយឈុត និងថវិកាចំនួន៧០ម៉ឺនរៀល និងផ្តល់ជូនគ្រួសាររងគ្រោះឆេះដំបូលផ្ទះថវិការចំនួន៤០ម៉ឺនរៀលផងដែរ៕