ព្រឹកនេះសម្តេចតេជោ អញ្ជើញចូលរួមប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព
ខេត្តបន្ទាយមានជ័យ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ប្រទេសជាសមាជិកនៃឡានឆាងមេគង្គគឺមាន៦ដូចជាៈ កម្ពុជា,ឡាវ,មីយ៉ាន់ម៉ា,ថៃ,វៀតណាម និងប្រទេសចិន។
កិច្ចប្រជុំតាមប្រព័ន្ធ Video Conference នាថ្ងៃនេះ គឺក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅ នៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
យោងតាមផេករបស់សម្តេចបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំងនិងដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នឹងគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង នៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕