សម្តេចប្រធានរដ្ឋសភា ជំរុញដល់អាជ្ញាធរ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិត និងចូលរួមលើកកម្ពស់កម្មវិធីសិក្សាពីចម្ងាយ ដល់សិស្សានុសិស្ស
ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសអញ្ជើញជូបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញ លើកទឹកចិត្ត ដល់អាជ្ញាធរ មន្រ្តីរាជការទាំងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ នៅក្នុងសហគមន៍ខ្លួន ដែលជាវិធានការរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់នូវការអប់រំដល់សិក្សានុសិស្ស នៅក្នុងពេលការរាតត្បាតជំងឺកូវីដ១៩នេះ។
បន្ថែមពីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់អាជ្ញាធរ បន្តជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ទំាងសេដ្ឋកិច្ច និងសង្គមដល់មនុស្សជាតិ និងបានធ្វើឱ្យពិភពលោក និងកម្ពុជាប្រឈមជាមួយរបត់ថ្មី។ ប៉ុន្តែទោះបីជួបបញ្ហាបណ្តាលពីជំងឺនេះក្តី ក៏រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងនិងដោះស្រាយវិបត្តិនេះបានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់មន្រ្តីរាជការ ទំាងអស់ រក្សាសាមគ្គីភាពនៅក្នុងសហគមន៍ តាមរយៈការបង្ហាញនូវតម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារបស់ខ្លួន ជូនប្រជាពលរដ្ឋ ជាពិសេសការកំណត់អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់ថវិកាជំនួយសង្គម និងត្រូវបន្តចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាកត្បាតជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន៕