សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព
រាជធានីភ្នំពេញ៖ក្នុងឱកាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានជម្រាបជូនសម្ដេចតេជោថា និស្សិតកម្ពុជាចំនួន១៩នាក់ ត្រូវទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលឆាប់ឆាប់នេះ ហើយភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយទៅលើកំពង់ផែក្រុងព្រះសីហនុ សម្រាប់ធ្វើយ៉ាងណាឲ្យកំពង់ផែនោះទទួលកប៉ាល់ធំៗចូលចត ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំសម្ដេចតេជោឲ្យមានការគាំទ្រគម្រោងនេះផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុនសារជាថ្មីទៀតបន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយដែលបានផ្ដល់មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងអរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាជួយពលករ ក៏ដូចជាដល់និស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគាំទ្រនូវការបើកឲ្យដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើអោយទំនាក់ទំនង និងការផ្ដល់ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរដែលអាចនាំមកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តទៀតផងដែរ៕