ពិតជាខ្លាំងមែន.!.! លោក កោះ គាន ដើរប្រមូលលុយពីបទល្មើសព្រៃឈើ យកទៅឲ្យលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប
ខេត្តសៀមរាប÷ មានសេចក្តីរាយការណ៍មកថា លោក កោះ គាន បានតាំងខ្លួនជានាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ហើយបាន ដើរប្រមូលតែលុយពីបទល្មើសព្រៃឈើ ដើម្បីយកទៅឲ្យលោកលោក ម៊ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីធ្វើមានធ្វើបានដោយមិនខ្វល់ពីការវិនាសហិនហោចព្រៃឈើនោះទេ ។ ប្រភពបន្តថា បទល្មើសព្រៃឈើក្នុងឃុំខ្វាវ ស្រុកជីក្រែងនេះ គឺដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើ តែបែរជាអត់ឃើញមន្ត្រីជំនាញធ្វើការបង្រ្កាបបែរ បណ្តែត បណ្តោយ ឲ្យដឹកជញ្ជួនយ៉ាងអណាធិបតេយ្យ ជាថ្នូរ និង លាភសក្ការ: ទៅវិញ។
ដោយយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពេលក្រុមឈ្មួញដឹកជញ្ជូនឈើត្រូវបង់លុយតាមប្រភេទឈើ ឲ្យទៅលោក កោះ គាន ជាកូនចៅជំនិតរបស់លោក ម៊ុង ប៊ុនលីម គឺ ឈើដុំផ្ចឹក និង សុក្រំ មួយគោយន្តកន្ត្រៃ(ចាប់ពី10មឺុន ទៅ 20មឺុនរៀល តាមឈើតិច រឺ ច្រើន) ប្រភេទឈើគ្រែត្រង៉ោល (ចាប់ពី 6មឺុនរៀល ទៅ 12មុឺនរៀល) តាមតិច រឺ ច្រើនដូចគ្នា។ ចំណែកឯ ឈើក្តា និង ឈើគ្រឿង មួយគោយន្តកន្ត្រៃ (ចាប់ពី 20 ទៅ 40 មឺុនរៀល) ឯណោះ ។
ប្រភពបន្ថែមថា ឈើទាំងនោះក្រុមឈ្មួញដឹក ចេញពី ភូមិព្រះត្រពាំង ភូមិកប់លាវ ភូមិសង្កែធំ ភូមិរមាស ភូមិខ្វាវ ឆ្លងកាត់ទីស្នាក់កាសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ចូលក្រុងសៀមរាប ។ ដោយប្រភពបន្តថា អ្នកណាក៏គេដឹងយ៉ាងច្បាស់ដែរថា ក្រុមឈ្មួញទាំងអស់ត្រូវបង់លុយឲ្យទៅលោក កោះ គាន ទើបអាចដឹកជញ្ជូនបទល្មើសព្រៃឈើបានដោយសេរី ពុំដូច្នេះទេ ប្រាកដជាត្រូវបង្រ្កាបជាមិនខាន។
មហាជន បានលើកជាមតិថា អនាគត់ទៅមុខ ព្រៃឈើក្នុងខេត្ត សៀមរាប ប្រាកដជា រលាយអស់ជាមិនខាន ប្រសិន ថ្នាក់លើមិនត្រួតពិនិត្យភាពមិនប្រក្រតីរបស់លោក កោះ គាន និង លោក ភោគ វិរៈ ព្រមទាំងលោក ម៉ុង ប៊ុនលីម នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តសៀមរាបទេនោះ ។
ពាក់ព័ន្ធនិង បញ្ហានេះ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ លោក កោះ គាន បានប្រាប់សារព័ត៌មាន យើងតាមទូរស័ព្ទថា គាត់ជាមន្រ្តីជាប់កិច្ចសន្យា បណ្តុះកូនឈើនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ហើយចំពោះករណីដូចខាងលើលោកបដិសេធថា មិនពិតនោះទេ ។ លោកបន្តថា ចំណែកនាយសង្កាត់រដ្ឋបាលព្រៃឈើពិតប្រាកដគឺ ឈ្មោះ ភោគ វិរ: ។
ក្នុងនោះផងដែរលោក ភោគ វិរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ បានប្រាប់ថា លោក កោះ គាន ជាភ្នាក់ងារម្នាក់ខាងផ្នែកបណ្តុះកូនឈើ និង ចែកចាយកូនឈើ មិនមែនជានាយសង្កាត់រដ្ឋបាលព្រៃឈើទេ។ លោកបន្តថា ករណីដូចខាងលើ គឺមិនពិតនោះឡើយ សូមបដិសេធន៍ទាំងស្រុង។
ដោយឡែកលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ បានឆ្លើយប្រាប់សារព័ត៌មានយើងយ៉ាងខ្លីថា លោកគ្មានកូនចៅឈ្មោះ កោះ គាន នោះទេ ហើយបើមន្ត្រីគេពិតក៏គ្មានអ្នកណាដើរយកលុយពីបទល្មើសព្រៃដែរ ព្រោះគ្មានសកម្មភាពដឹកជញ្ជូនឈើនោះទេ ហើយក៏បិទទៅទូរស័ព្ទទៅ គ្មានពាក្យលាមួយម៉ាត់ ។
តែទោះបីជាមានការបកស្រាយយ៉ាងណា ក៏ ដោយ មហាជនសូមអំពាវនាវដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មេត្តាចាត់ក្រុមអធិការកិច្ចចុះទៅស៊ើបអង្កេត ករណី លោក កោះ គាន តាំងខ្លួនជាមេព្រៃឃុំខ្វាវ ដើរទារលុយពីក្រុមឈ្មួយរកសុីបទល្មើសព្រៃឈើនេះផងចុះ ហើយលុយដែលប្រមូលពីបទល្មើសព្រៃឈើនោះ យកទៅអោយមេកើយណាខ្លះ និង សូមមានវិធានការណ៍តាមផ្លូវច្បាប់៕