សម្តេចពិជ័យ ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធី ប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ
ខេត្តសៀមរាប៖ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ អំពីស្នាដៃ នៃការអាំងមាន់ របស់ចុងភៅគ្រប់តំបន់ ក៏ដូចជារូបមន្តពិសេសខុសៗគ្នាជាច្រើនទៀត ព្រមទាំងបានដាក់តាំងបង្ហាញ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា និងភ្លក់នូវរស់ជាតិដ៏ឈ្ងុញឆ្ងាញ់ពិសា នូវមាន់អាំងពីគ្រប់តំបន់ក្នុងខេត្តសៀមរាប នាឱកាសឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំខ្មែរប្រណៃណីជាតិ កាលពីរសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ក្រោមអធិបតីភាព សម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ និងមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបី និង បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នៅបរិវេណសួនច្បារព្រះរាជដំណាក់សៀមរាបផងដែរ។
បើតាមសេចក្តីរាយការណ៍របស់លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងថាលក្ខន្ត័នៃការប្រកួតមាន់អាំងនេះ ដោយមានរៀបចំគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ និង ភ្លក់រស់ជាតិផងដែរ។នៅក្នុងលក្ខ័ន្តប្រកួតនោះ ដោយបានពិនិត្យទៅលើសោភណ្ឌភាព អនាម័យ របៀបផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬ កសិកម្ម ) និងរស់ជាតិទៀតផង។
លោកបន្តថា កម្មវិធីសម្រាកសៀមរាបនាពេលនេះ ជាការផ្តល់ឱកាសក្នុងការលើកកម្ពស់ និងជម្រុញនូវផលិតផលក្នុងស្រុក ក៏ដូចជាការ ជម្រុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ។ក្នុងកម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅក្នុងខេត្តសៀមរាប ដែលរៀបចំឡើង ដោយសមាគមចុងភៅកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមប្រកួតយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចុងភៅចំណានៗ ជាច្រើនរូបផងដែរ។
ឆ្លងតាមគណៈកម្មការត្រួតពិនិត្យ និង ធ្វើការដាក់ពិន្ទុ ដល់បងប្អូនជាបេក្ខជនមានអាជីពអ្នកអាំងមាន់លក់ មកពីបណ្តាក្រុង ស្រុកទាំង១២ លទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទៅស្រុកបន្ទាយស្រី ,ជ័យលាភី លេខ២ បានទៅស្រុកសូទ្រនិគម និង ជ័យលាភីលេខ៣ បានទៅក្រុងសៀមរាប៕