ប្រជាពលរដ្ឋក្រីក្រចំនួន១១៦គ្រួសារ នៅស្រុកត្រាំកក់ ទទួលអំណោយពី លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ខេត្តតាកែវ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋក្រីក្រ ចំនួន១១៦គ្រួសារ នៅពុទ្ធគិរីកម្ពុជាស្ថិតនៅក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ទីតាំងខាងលើកាលពីសម័យអតីតកាលគឺពុំមានស្ថេរភាពនោះទេ និងអសន្តិសុខស្ទើរតែគ្រប់ទីកន្លែង។ប៉ុន្តែក្រោមការអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាពពេញទូទាំងប្រទេស និងបានអនុញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើបុណ្យ និងចូលរួមក្នុងការងារសង្គមបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកបណ្ដាំសាកសួរសុខទុក្ខពីសំណាក សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ដែលជានិច្ចកាលសម្ដេចទាំងទ្វេរ តែងតែចាត់តំណាងចុះជួបបងប្អូនប្រជាពលដ្ឋ និងជួយដោះស្រាយទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស។
ជាងនេះទៅទៀតលោកជំទាវ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យខ្លួនឯងបន្ថែមទៀត តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាលកុល ឲ្យបានញឹកញាប់ ជាពិសេស ត្រូវពាក់ម៉ាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាព ស្ដាប់តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដើម្បីការពារមេរោគកូវីដ-១៩ ដែលនឹងកំពុងរីករាលដាលនៅទូទាំងពិភពលោក៕